Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Sunday, July 24, 2016

ការ​ហែ​សព​លោក​បណ្ឌិត​កែម ឡី បង្ហាញ​ឲ្យឃើញ​ពី​សាមគ្គីភាព​ក្នុង​សង្គម​ខ្មែរ

ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ បាន​នាំ​គ្នា​ចុះ​ផ្លូវ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ពី​ភ្នំពេញ​ត្រឡប់​ទៅ​ស្រុក​កំណើត​លោក​វិញ នៅ​ក្នុង​ខេត្ត​តាកែវ​។ បើមិន​និយាយ​ពី​ភាព​បញ្ហា​តិច​តួច​ដែល​កើត​ឡើង​នៅ​ក្នុង​ដំណើរ​ផ្លូវ​ជាង​៨០​គីឡូម៉ែត្រ​នេះ គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូល​រួម​នៅ​ក្នុង​ក្បួន​ហែ​សព បាន​បង្ហាញ​ពី​​សាមគ្គីភាព​រវាង​គ្នា​និង​​គ្នា​យ៉ាង​ជ្រាល​ជ្រៅ​ជា​ទី​បំផុត​។ នេះ​គឺ​ជា​ក្ដី​សង្ឃឹម​នៃ​ឯកភាព​ជាតិ​។ ហើយ​វា​ទំនង​ជា​អ្វី​ដែល​លោក​បណ្ឌិត កែម ឡី ចង់​ឃើញ​ដូច​គ្នា​ដែរ​។

កំណាត់​មហាវិថី​ព្រះ​មុនីវង្ស មហាវិថី​សហព័ន្ធ​រុស្ស៊ី​នៃ​​ទីក្រុង​ភ្នំពេញ និង​ផ្លូវ​ជាតិ​លេខ​៣​ ​បាន​ក្លាយ​ទៅ​ជា​សមុទ្រ​​មនុស្ស នៅ​ពេល​ដែល​សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​ហែចេញ​ពី​វត្ត​ចាស់​ឆ្ពោះ​ទៅ​កាន់​ខេត្ត​តាកែវ​។ មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់ ភាគ​ច្រើន​ក្នុង​សម្លៀក​បំពាក់​អាវ​ស ខោ​ខ្មៅ អម​ដោយ​រូប​ថត​និង​សារ​រំលែក​ទុក្ខ ធ្វើ​ដំណើរ​ជា​ជួរ​ៗ លាយ​ឡំ​ជា​មួយ​ព្រះ​សង្ឃ​ដែល​សូត្រ​ស្វាធ្យាយ​ជយន្តោ ជូន​ដំណើរ​សព​លោក​បណ្ឌិត​ កែម ឡី ដែល​ត្រូវ​គេ​បាញ់​សម្លាប់​យ៉ាង​ឈាម​ត្រជាក់​កាល​ពី​ថ្ងៃ​ទី​១០​កក្កដា​។ អ្នក​ចូល​រួម​ហែ​សព​លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​សង្គម មិន​មែន​មាន​តែ​អ្នក​ភ្នំពេញ​នោះ​ទេ។ ក៏​មាន​ផង​ដែរ ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ស្ទើរ​តែ​ទូទាំង​ប្រទេស​។កំដៅ​ថ្ងៃ​ក្ដៅ​ហែង​ជះ​មក​លើ​ក្បួន​ហែ​សព​ដ៏​ចង្អៀត​។ ប៉ុន្តែ​ទឹក​ចិត្ត​អ្នក​ចូល​រួម​មិន​ចង្អៀត​ឡើយ​។ អ្នក​​ជិះ​លើ​រ៉ឺម៉ក​ដែល​មាន​កន្លែង​ទំនេរ បាន​បបួល​អ្នក​ដទៃ​ឲ្យ​ជិះ​ជាមួយ​។ មួយ​ចំនួន​យល់​ព្រម​ឡើង​តាម​ការ​បបួល ខណៈ​មួយ​ចំនួន​ទៀត​​បដិសេធ ហើយ​ស្នើ​ឲ្យបបួល​អ្នក​ដែល​មាន​វ័យ​ចាស់​ជាង ឬនារី​ៗ​​ឲ្យ​ឡើង​ជិះ​ជំនួស​វិញ​។ រ៉ឺម៉ក​និង​ម៉ូតូ​ខ្លះទៀត ផ្ទុក​ពេញ​ទៅ​ដោយ​ទឹក​សុទ្ធ​ ​នំប៉័ង ផ្លែ​ឈើ និង​បាយ​កញ្ចប់ សម្រាប់​ចែក​បន្ត​ដោយ​ឥត​គិត​ថ្លៃ​ទៅ​កាន់​អ្នក​ចូល​រួម​ហែ​សព​។ នេះ គេ​នៅ​មិន​ទាន់​រាប់​ពី​ការ​យក​អាសារ​គ្នា​នៅ​ពេល​មាន​អ្នក​ខ្យល់​ដួល ឬ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​កើត​ឡើង​​ជា​អន្លើ​ៗ​នៅ​ក្នុង​ក្បួន​ផង​ទេ។ ចំណែក​នៅ​ក្រៅ​ក្បួន ប្រជាពលរដ្ឋទាំង​ស្រី​ទាំង​ប្រុស​នាំ​គ្នា​ឈរ​អម​សង​ខាង​ផ្លូវ ដៃកាន់​ទង់ជាតិ​ខ្មែរ រូប​ថត​លោក កែម ឡី និង​ផ្កា​ឈូក ដើម្បី​ចូល​រួម​ជូន​ដំណើរ​លោក​បណ្ឌិត កែម ឡី ទៅ​កាន់​ស្រុក​កំណើត​វិញ​។ អ្នក​ខ្លះ ថ្វី​ត្បិត​តែ​មិន​បាន​ចូល​រួម​ហែ​ក៏ពិត​មែន តែ​បាន​ចំណាយ​ពេល​វេលា រួម​ទាំង​ប្រាក់​កាស ទិញ​ទឹក​សុទ្ធ​នំ​ចំណី​មក​ចែក​ឲ្យ​អ្នក​ដទៃ​យ៉ាង​សប្បុរស។ នៅ​ពេល​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​បិទ​ទ្វារ​មិន​លក់​សាំង​ឲ្យ​អ្នក​ចូល​រួម​ហែ​សព មាន​ពលរដ្ឋ​សប្បុរស​ខ្លះ ទិញ​សាំង​​​ដឹក​តាម​ឡាន​​ចែក​ជូន​អ្នក​ដែល​អស់​សាំង ដើម្បី​ឲ្យ​ពួក​គេ​អាច​រួម​ដំណើរ​ជាមួយ​លោក​បណ្ឌិត កែម ឡី ត​ទៅ​មុខ​ទៀត រហូត​ដល់​គោលដៅ​ចុង​ក្រោយ​។ ក្រៅ​ពី​ការ​ចូល​រួមរបស់​ប្រជាពលរដ្ឋ អាជ្ញាធរ​មាន​សមត្ថកិច្ច ជា​ពិសេស​នគរបាល​ចរាចរណ៍ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ តាំង​ពី​វត្ត​ចាស់​ទៅ​ដល់​ទឹក​ដី​កំណើត​លោក កែម ឡី ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​​​។ នគរបាល​ចរាចរណ៍​ទាំង​អស់ ត្រូវ​ឈរ​នៅ​ក្រោម​កំដៅ​ថ្ងៃ​ក្ដៅ​ហែង មិន​ខុស​អ្វី​ពី​អ្នក​ចូល​រួម​ហែ​សព​​ឡើយ​។ នៅ​ផ្ទះ​កំណើត​លោក​បណ្ឌិត​ កែម ឡី ឯ​ណោះ​វិញ អាជ្ញាធរ​ខេត្ត​តាកែវ ក៏​បាន​អញ្ជើញ​ទៅ​ធ្វើ​ការ​គោរព​សពផង​ដែរ​។ ទាំង​នេះ​បាន​សរ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​សាមគ្គីភាព​នៅ​ក្នុង​សង្គម​ខ្មែរ ដែល​ជា​ក្ដី​សង្ឃឹម​នៃ​ឯកភាព​ជាតិ​។ ហើយ​វា​ទំនង​ជា​អ្វី​ដែល​លោក​បណ្ឌិត កែម ឡី ចង់​ឃើញ​ដូច​គ្នា​ដែរ នៅ​ពេល​លោក​នៅ​មាន​ជីវិត​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សាមគ្គីភាព​នេះ មិន​គួរ​លេច​ឡើង​តែ​ក្នុង​ពេល​ទុក្ខ​សោក​ដូច្នេះ​ទេ​។ សាមគ្គីភាព​ក្នុង​រវាង​ពលរដ្ឋ​ខ្មែរ​ គួរ​តែ​មាន​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់ ជំនួស​ឲ្យ​ភាព​អាត្មានិយម​ដែល​គេ​សង្កេត​ឃើញ​ថា​កើត​មាន​​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សង្គម​កម្ពុជា​។ក្រៅ​ពី​សាមគ្គីភាព ក្បួន​ហែ​សព​លោក​បណ្ឌិត កែម ឡី ក៏​បាន​បញ្ជាក់​ឲ្យ​ឃើញ​ផង​ដែរ​អំពីនិន្នាការ​​​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ ដែល​គោរព​ស្រឡាញ់​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​។ មាន​ន័យ​ថា ខ្មែរ យល់ និង​ចេះ​បែង​ចែក​បាន​ច្បាស់​លាស់​ណាស់​រវាង ស​និង​ខ្មៅ ឬ អំពើ​សុចរិត​និង​អំពើ​ទុច្ចរិត​។ សង្គម​ខ្មែរ ផ្ដល់​តម្លៃ​ដល់​អំពើ​ល្អ ហើយ​ស្អប់​ខ្ពើមជា​ទី​បំផុត​​អំពើ​អាក្រក់​។ តាម​រយៈ​ភស្តុតាង​ទាំង​អស់​នេះ គេ​ស្ទើរ​តែ​អាច​និយាយ​បាន​ថា ចាប់​ពី​អំណេះ​ត​ទៅ អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ទំនង​ជា​ពិបាក​នឹង​ឈរ​ជើង​ជាប់​ណាស់​នៅ​ក្នុង​សង្គម​កម្ពុជា​៕

No comments:

Post a Comment

Adbox