ខ្ញុំបានចែកបុរសជាបីប្រភេទ មួយ បុរសសុភាព
ពីរ សុភាពបុរស បី ព្រាននារី ។ ខាងក្រោមនេះ
ជាលក្ខណៈវិនិច្ឆ័យ ដែលខ្ញុំកំណត់ដោយខ្លួនខ្ញុំផ្ទាល់
( អត្តនោម័តិ ) តែប៉ុណ្ណោះ ។
👉១- បុរសសុភាព គឺជាបុរសដែលមានចរិយាសម្បត្តិគត់មត់
ត្រឹមត្រូវទៅតាមសីលធម៌ និងចរិយាធម៌ ដែលមនុស្សបាន
កំណត់។ បុរសសុភាព គ្រប់គ្រងលេីតណ្ហា តែមនោសញ្ចេតនា
ស្នេហារបស់គេ ស្ថិតនៅក្រោមម្លប់សីលធម៌និងចរិយាធម៌។
ឧ : បុរសសុភាព មិនអាចថេីបឬក៏ឱបនារីដែលខ្លួនស្រលាញ់
ដោយមិនទាន់បាន រៀបការត្រឹមត្រូវតាមប្រពៃណីទេ ។
បុរសសុភាព គិតថាអ្វីៗដែលប្រាសចាកពីចរិយាសាស្ត្រ
បានលេីកឡេីងជារឿង ពុំគប្បី ។ ក្នុងស្នាដៃនិម្មិតកម្មអក្សរសិល្ប៍
តួអង្គ ប៊ុនធឿន អាចចាត់ទុកជាបុរសសុភាពបាន ។
បុរសសុភាពអាចជាបុរសអៀនខ្មាសច្រើនដែរ ។
👉២- សុភាពបុរស គឺបុរសដែលឲ្យតម្លៃទៅលេីអារម្មណ៍ លេី
មនោសញ្ចេតនារបស់ខ្លួន ជាងតណ្ហា ។ សុភាពបុរស ជាបុរស
ដែលហ៊ានឱបថេីប បង្កេីតស្នេហា ជាមួយនារីដែលខ្លួន
ស្រលាញ់។ សុភាពបុរសមិនចូលចិត្តកុហកទេ តែក៏មិនមែន
មានន័យថា សុភាពបុរសមិនចេះកុហកដែរ ។ សុភាពបុរស
អាចនឹងកុហកដែលការកុហកនោះ ជាគុណធម៌ផ្លូវព្រលឹងមួយ
ដែលគេពិបាកនឹងបកស្រាយពន្យល់ ។ ពាក្យកុហករបស់
សុភាពបុរស ជាពាក្យកុហកដ៏គួរឲ្យយោគយល់ ដែលគេពិបាក
នឹងឲ្យខុស ឬចាប់កំហុស។ ពាក្យកុហករបស់សុភាពបុរស
ចំពោះនារីដែលខ្លួនស្រលាញ់មានលក្ខណៈប្រហែលនឹងពាក្យ
កុហករបស់ម្ដាយចំពោះកូនរបស់ខ្លួន " កូនញ៉ាំចុះ ម៉ាក់មិនឃ្លាន
ទេ " ។ សុភាពបុរស មិនអាចបង្កេីតតណ្ហា ជាមួយនារីដែលខ្លួន
គ្មាន មនោសញ្ចេតនាឡេីយ។ សកម្មភាពស្នេហារបស់សុភាព
កេីតឡេីងពីការយល់ព្រមនៃភាគីទាំងសងខាង ។
សុភាពបុរសភាគច្រើន មិនមែនជាមនុស្សដែលមានដៃគូ
ស្នេហាតែម្នាក់នោះទេ។ សុភាពបុរស មិនលលេង
នឹងមនោសញ្ចេតនាឡេីយ តែសុភាពបុរស ត្រូវការ
មនោសញ្ចេតនាដែលមានសោភ័ណ ។ ស្នេហាសុភាពបុរស
ចេញផុតពីស្រោមសីលធម៌ និងចរិយាធម៌របស់មនុស្ស
តែក៏មិនចូលក្នុងដែន តណ្ហាដែរ ( តណ្ហាពេលនេះ យើង
សំដៅយកតែកាមតណ្ហាមួយប៉ុណ្ណោះ ) ។
ឧ : សុភាពបុរស អាចឱបថេីប នារី ក លុះត្រាតែគេមាន
មនោសញ្ចេតនាជាមួយនារី ក ដែរ ។ តែបេីនារី ក មិនយល់ព្រម
សុភាពបុរស ក៏មិនប្រព្រឹត្ត ។ ក្នុងស្នាដៃនិម្មិតកម្ម អក្សរសិល្ប៍
ខ្មែរយើង តួអង្គទុំ អាចចាត់ទុកជាសុភាពបុរសពិតៗ ។
👉៣- ព្រាននារី ធ្វើអ្វីគ្រប់យ៉ាង ដេីម្បីបានខ្លួននារី ។ ព្រាននារី
មិនខ្វល់ពី សីលធម៌ ចរិយាធម៌ គុណធម៌ វិចារណញ្ញាណអ្វីឡើយ។
ស្នេហាព្រាននារី ឆ្ពោះទៅតែម្យ៉ាងគត់ គឺតណ្ហា ។ សោភ័ណ
ខាងដួងព្រលឹង ហាក់គ្មានន័យអ្វីទាំងអស់ គឺមានតែសោភ័ណ
ខាងតណ្ហាទេ ដែលព្រាននារីចងចាំ ។ ដេីម្បីបានខ្លួន នារីដែល
ខ្លួនប្រមាញ់ ព្រាននារីភរ កុហក សន្យា លួងលោម បញ្ឆោត
បញ្ច្រកស្រា ដាក់ថ្នាំ ប្រេីប្រាស់លុយ ពោលធ្វើយ៉ាងណា
គឺបានលេងល្បែងស្នេហាជាមួយនារីនោះ។ ទោះគ្មានស្នេហា
ឬ មនោសញ្ចេតនា ក៏ព្រាននារីទៅរួចដែរ។
ក្នុងស្នាដៃនិម្មិតកម្មអក្សរសិល្ប៍ខ្មែរយើង តួអង្គលោក
បាឡាត់ស្រុកក្នុងរឿងកុលាបប៉ៃលិន មានចរិតជាព្រាននារី ។
សំណួរ
តេីតួអង្គក្នុងរឿង Titanic ខាងលេីនេះ ស្ថិតក្នុងបុរស
ប្រភេទណា ? ចូរផ្ដល់អំណះអំណាង ។
៣១ មីនា ២០២០ រក្សាសិទ្ធិ
ស៊ូ ខេមរិន្ទ កវីនិពន្ធខ្មែរ
No comments:
Post a Comment