១/ រឿងអ្វីដែលថ្មី
ប្រសិនបើអ្នកចង់ចេះលេងភ្លេង ឬចង់រៀនភាសាបរទេសនេះ ជាពេលដែលត្រូវចាប់ផ្តើម។ ការរៀនអ្វីដែលថ្មី ជាពិសេសភាសាបរទេស ឬរៀនលេងឧបករណ៍តន្រ្តី ជាមធ្យោបាយល្អបំផុត ដើម្បីធ្វើឱ្យខួរក្បាល មានភាពរស់រវើក។ ការសិក្សាបង្ហាញថា មនុស្សដែលចេះនិយាយច្រើនភាសា គិតរហ័សជាងមនុស្ស ដែលនិយាយតែភាសា ពីកំណើត។ ការអភិវឌ្ឍខួរក្បាល និងការរៀនពេញមួយជីវិត គឺជាដំណើរជាមួយគ្នា ប្រៀបដូចជើងរបស់មនុស្ស។
២/ ធ្វើសមាធិ និងយកចិត្តទុកដាក់គ្រប់ពេល
មនុស្សយើងទាំងអស់សុទ្ធតែ ដឹងអំពីសារសំខាន់ នៃសមត្ថភាពក្នុងការបិទចរន្ត ចម្លងភាពវីវក់ នៅក្នុងពិភពលោកនេះ និងនៅសំងំស្ងៀមម្តងម្កាល។ ការធ្វើសមាធិ កំពុងតែក្លាយជាមធ្យោបាយ ដ៏ពេញនិយម ដើម្បីរក្សាសុខភាពរបស់មនុស្ស ដែលមានភាពមមាញឹកច្រើន ក្នុងជីវិត។ ការសិក្សាប្រៀបធៀប ក្នុងពេលថ្មីៗនេះ ដោយពិនិត្យមើលខួរក្បាល របស់មនុស្សដែលធ្វើសមាធិ ញឹកញាប់ និងមនុស្ស ដែលមិនធ្វើសមាធិសោះបង្ហាញថា មនុស្សដែលមានទម្លាប់ ធ្វើសមាធិមានកោសិកា ខួរក្បាលច្រើនជាងមនុស្ស ដែលមិនធ្វើសមាធិ។
៣/ ប្តូរដៃធ្វើការ
ប្រសិនបើអ្នកជាមនុស្ស មានទម្លាប់ប្រើដៃស្តាំ ដើម្បីធ្វើការ អ្នកគួរតែព្យាយាមប្រើប្រាស់ដៃឆ្វេង ឱ្យបានច្រើនដើម្បីធ្វើការ។ សាកល្បងអនុវត្ត តាមរយៈសកម្មភាពសាមញ្ញៗ ប្រចាំថ្ងៃ ដូចជាការដុសធ្មេញ ការកាន់សមស្លាបព្រា និងការកាន់សៀវភៅជាដើម។ ហើយប្រសិនបើអ្នកចង់អនុវត្ត ឱ្យកាន់តែខ្លាំងក្លាថែមទៀត អ្នកក៏អាចហាត់សរសេរដៃឆ្វេងបានដែរ (ឬមួយអ្នកជាមនុស្សប្រើប្រាស់ដៃឆ្វេង ស្រាប់ហើយ គួរតែរៀនប្តូរប្រើដៃស្តាំវិញម្តង)។ អនុវត្តប្តូរដៃធ្វើការ ញឹកញាប់ជាការប្រជែង នឹងខួរក្បាលរបស់អ្នក ឱ្យខិតខំព្យាយាម យកចិត្តទុកដាក់ កាន់តែខ្លាំង។
៤/ បង្កើតទំនាក់ទំនងកាន់តែច្រើនការនៅដាច់ឆ្ងាយពីសង្គម អាចមានឥទ្ធិពលអវិជ្ជមាន លើសមត្ថភាពនៃការគិតរបស់មនុស្ស។ ប៉ុន្តែនិយាយបែបនេះ មិនមែនមានន័យថា អ្នកត្រូវតែមានការជួបជុំ រាល់ថ្ងៃនោះទេ ពេលវេលាសម្រាប់ខ្លួនឯង ក៏សំខាន់ណាស់ដែរ។ ប៉ុន្តែការប្រាស្រាយទាក់ទងគ្នា ប្រចាំថ្ងៃបន្តិចបន្តួច ពិតជាអាចជួយអ្នកយ៉ាងច្រើន។ ឧទាហរណ៍ ជាក់ស្តែង ជំនួសឱ្យការឈរ នៅស្ងៀមតម្រង់ជួរគ្នា ចាំគិតលុយទំនិញ ក្នុងផ្សារទំនើប អ្នកអាចបង្ហាញទឹកមុខញញឹម ឬជជែកគ្នាបន្តិចបន្តួច ជាមួយអ្នកគិតលុយ ឬមនុស្សក្បែរខ្លួន។
៥/ ធ្វើសកម្មភាពឱ្យបែកញឺស
ការរក្សារាងកាយឱ្យមានសុខភាពល្អបំផុត ត្រូវមានសកម្មភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ ការទទួលទានអាហារស្អាត និងត្រឹមត្រូវតាមរបបអាហារូបត្ថម្ភ ជាផ្នែកសំខាន់មួយហើយ ប៉ុន្តែការហាត់ប្រាណ ក៏នៅតែចាំបាច់ដែរ។ ដូច្នេះហើយ អ្នកត្រូវបង្កើនការព្យាយាម ធ្វើសកម្មភាពប្រើកម្លាំងកាយ ឱ្យបានច្រើនដើម្បីបញ្ចេញញឺស ព្រោះវាជួយឱ្យរក្សាបានចង្វាក់បេះដូងល្អ និងជួយដល់ខួរក្បាល ឱ្យមានភាពរស់រវើក។



No comments:
Post a Comment