១)ជួយចេញថ្លៃអាហារឲ្យអ្នកណាម្នាក់ដែលជោគជ័យជាងអ្នក
តាមការបញ្ជាក់លោក Li Ka-Shing អត្ថន័យនៅក្នុងចំណុចនេះគឺថាអ្នកគួរតែចេញថ្លៃអាហារដល់អ្នកណាម្នាក់ដែលសំខាន់ជាងអ្នកជាពិសេសបុគ្គលដែលជួយឲ្យអ្នកជោគជ័យយ៉ាងហោចណាស់បានម្តងដែរក្នុងមួយខែ។ជាគោលការណ៍ការចំណាយរបស់អ្នកនឹងទទួលបានមកវិញនូវអត្ថប្រយោជន៍ជាច្រើនទំនាក់ទំនងល្អ កិត្តិយស និងឱកាសនានាដែលបុគ្គលទាំងនោះអាចធ្វើឲ្យអ្នកមានពន្លឺជីវិតល្អប្រសើរជាងមុន។ ២)រៀនសូត្រជានិច្ច
«អ្នកគូរដាក់ខ្លួនជាកណ្ដៀរស៊ីស្លឹកសៀវភៅដែលមិនចេះស្កប់»។នេះជាការលើកឡើងរបស់លោក Li Ka-Shing ។ លោកបានបន្តថាអ្នកនឹងទទួលបានចំណេះដឹងជាច្រើនចេញពីការអានសៀវភៅ អត្ថបទ និងព័ត៌មាននានាហើយបម្លែងវាឲ្យទៅជាទ្រព្យធនដ៏វិសេសធ្វើជាអាហារដល់ខួរក្បាលរបស់អ្នក។ចំណុចនេះអាចធ្វើឲ្យអ្នកពិបាកថា តើត្រូវចាប់ផ្តើមពីកន្លែងណា? យ៉ាងណាមិញ មហាសេដ្ឋីរូបនេះបានណែនាំថា អ្នកគួរតែស្វែងរកដៃគូ ឬមិត្តភក្ដិល្អដែលមានចំណង់ចំណូលចិត្តដូចអ្នកព្រោះបុគ្គលប្រភេទនេះអាចចែករំលែកចំណេះដឹងបានយ៉ាងល្អ និងមានឆន្ទៈដូចគ្នាទៀតផង។ ក្រៅពីនេះត្រូវសិក្សារៀនសូត្រនៅតាមវគ្គខ្លីៗ សន្និសីទ សិក្ខាសាលានានាដើម្បីពង្រឹងទំនាក់ទំនងជាមួយមនុស្សថ្មីៗកាន់តែច្រើនឡើង។៣)រៀនសូត្រឲ្យចេះពីសិល្បៈនៃការលក់
មហាសេដ្ឋី Li Ka-Shing បានមានប្រសាសន៍ដូច្នេះថា៖ «រាល់សហគ្រិនទាំងអស់ ត្រូវមានគ្រឹះដ៏រឹងមាំមួយ នោះគឺ ជាបុគ្គលដែលពូកែលក់នេះឯង»។ ហេតុដូច្នេះហើយ អ្នកត្រូវមានជំនាញមួយគឺការលក់តែបើមិនមានទេត្រូវតែរៀនពីសិល្បៈនៃការលក់នេះ។ លោកបន្តថា បើគ្មានបទពិសោធន៍ការងារក្រៅមួយតូចតាច ឬក៏ធ្វើការលក់រាយនៅតាមតូប និងផ្សារនានាគឺជាកន្លែងដ៏ល្អដើម្បីធ្វើតេស្ដសាកល្បងសមត្ថភាពលក់របស់អ្នក។ បន្ទាប់មកត្រូវតាមដានមើល៍ថាតើអ្វីទៅធ្វើឲ្យការលក់របស់អ្នកមានដំណើរការ និងមិនដំណើរការបានល្អ? តែបើមិនដឹងថាត្រូវលក់អ្វីគឺត្រូវចាប់ផ្តើមរៀនលក់ពីអ្វីដែលអ្នកចូលចិត្តបំផុត។៤)ដាក់គម្រោងឲ្យច្បាស់លាស់រាល់កិច្ចការដែលត្រូវធ្វើ
«ជីវិតដ៏ជោគជ័យ គឺជាជីវិតដែលមានគម្រោងច្បាស់លាស់»។នេះជាដំបូន្មានរបស់លោក Li Ka-Shing ដែលអាចធ្វើឲ្យសហគ្រិនម្នាក់ក្លាយជាអ្នកមានទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភនៅពេលអនាគតជាពិសេសលើការងារអាជីវកម្មតែម្តង។លោកនិយាយថា សហគ្រិនគួរតែផ្ដោតយកចិត្តទុកដាក់ និងផ្តល់ឲ្យអ្នកដទៃនូវជំហានជាក់លាក់ជាច្រើនដែលជាគម្រោងការងាររបស់ខ្លួន និង ត្រូវធានាថាគម្រោងទាំងនោះត្រូវបានអនុវត្តបានយ៉ាងជោគជ័យទើបអ្នកអាចសម្រាកបាន។ពេលខ្លះគម្រោងតែមួយមុខក៏មិនអាចធ្វើឲ្យអ្នកជោគជ័យទាំងស្រុងនោះដែរ អ្នកត្រូវមានធនធានមនុស្សគ្រប់គ្រាន់ស្វែងយល់ពីចំណុចខ្វះខាត និង ឧបសគ្គដទៃទៀតរួមទាំងការយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បុគ្គលិកគឺជាកូនសោឆ្ពោះទៅរកភាពជោគជ័យ។ ៥) រស់នៅឲ្យមានច្បាប់វិន័យត្រឹមត្រូវ និង មានមោទនភាពនូវអ្វីដែលអ្នកអាចធ្វើបាន
ចំពោះចំណុចនេះ មហាសេដ្ឋី Li Ka-Shing បានផ្តល់ដំបូន្មានដូច្នេះថា៖«គ្មានឡើយភាពខ្មាសអៀន ឬ ភាពអាម៉ាស់សម្រាប់សហគ្រិនវ័យក្មេង។សហគ្រិនវ័យក្មេងរមែងធ្វើការថ្លោះធ្លោយ មើលមិនបានគ្រប់ជ្រុងជ្រោយមិនសូវមានបទពិសោធន៍ខ្ពស់ តែវាជារឿងធម្មតានោះទេ!»។លោកបានពន្យល់ថា ភាពបរាជ័យគឺជារឿងសាមញ្ញសម្រាប់សហគ្រិនតែអ្វីដែលសំខាន់គឺត្រូវធ្វើឲ្យការបរាជ័យនោះក្លាយជាបទពិសោធន៍របស់អ្នក។ អ្នកត្រូវដាស់សតិខ្លួនឯង និងមានទម្លាប់មួយដ៏ល្អក្នុងការធ្វើឲ្យមហិច្ឆតារបស់អ្នកដែលបានលើកឡើងត្រូវសម្រេចបានជាផ្លែផ្កា។អ្នកនឹងមានមោទនភាពចំពោះខ្លួនឯងនៅពេលដែលសមិទ្ធផលរបស់អ្នកផុសចេញជារូបរាងឡើងនេះហើយជាអ្វីដែលធ្វើឲ្យអ្នកកាន់តែមានទឹកចិត្តធ្វើអាជីវកម្ម៕ប្រវត្តិត្រួសៗរបស់លោក Li Ka-Shing និងគន្លឹះមួយចំនួនដែលធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីនៅអាស៊ី
ប្រភព៖ The Bnews
No comments:
Post a Comment