ខេត្តកណ្ដាល៖ ស្ត្រីវ័យក្មេ្មង ម្នាក់ដែលត្រូវអ្នកជិតខាងប្រទះឃើញដេកស្លាប់ក្នុងផ្ទះ ដោយមានស្នាមអារកនឹងកាំបិតប៉័ងតោនោះ ក្រោយពីសមត្ថកិច្ចបើកការស៊ើបអង្កេត កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ បានរកឃើញឃាតកពិតហើយ គឺជាប្ដីរបស់ស្ត្រីរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ ថា ហៅ អាមួយ ភេទស្រី អាយុ២៣ឆ្នាំ មានមុខរបរជាមេផ្ទះ ត្រូវជាប្រពន្ធជនដៃដល់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល និងមានស្រុកកំណើត នៅភូមិបឹងវែង សង្កាត់វាលរេញ ក្រុងព្រៃនប់ ខេត្តព្រះសីហនុ។
រីឯជនសង្ស័យជាប្ដី មានឈ្មោះ ម៉ៅ មេង ភេទប្រុស អាយុ៤៤ឆ្នាំ មានមុខរបរជាគ្រូបង្រៀន នៅវិទ្យាល័យហ៊ុនសែនតាខ្មៅ ស្នាក់នៅជាមួយប្រពន្ធ មានស្រុកកំណើតនៅខេត្តក្រចេះ ពេលនេះកំពុងរត់គេចខ្លួន។
ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចរកឃើញវត្ថុតាងមួយចំនួនរួមមាន កាំបិតបុង័តោ ០១ ទូរស័ព្ទ០២គ្រឿង (samsung ១គ្រឿង ពណ៌ខ្មៅ និង Nokai N ចុចពិល០១គ្រឿង) និងម៉ូតូហុងដា Scoopy ពណ៌ស ផ្លាកលេខភ្នំពេញ1CG.3945 (របស់ជនរងគ្រោះ) បន្សល់ទុកនៅក្នុងផ្ទះ ។
សមត្ថកិច្ចបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុប្រហែលជា២ខែ ជនរងគ្រោះឈ្មោះ ចាន់ ថា ហៅអាមួយ ដែលត្រូវជាប្រពន្ធ តែងតែដើរលេងយប់ៗ ហើយប្ដីឈ្មោះ ម៉ៅ ម៉េង ដែលជាជនដៃដល់បានប្រច័ណ្ឌហើយរករឿងជាប្រចាំ។
លុះមុនថ្ងៃកើតហេតុ៤ថ្ងៃ វេលាម៉ោង១១និង០០នាទីយប់ ប្ដីនិងប្រពន្ធទាំងពីរនាក់ខាងលើបានឈ្លោះប្រកែកគ្នា ដោយប្ដីរូបនោះបានច្របាច់កប្រពន្ធហើយរកវាយនិងដាល់ថែមទៀត។
រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង០៩និង០០នាទី ដែលជាថ្ងៃកើតហេតុ មានឈ្មោះ ង្វៀង ធីង៉ា ភេទស្រី ជាអ្នករស់នៅក្បែរនោះ បានចូលទៅក្នុងផ្ទះហៅជនរងគ្រោះ ដើម្បីទៅលេងបៀ ពេលនោះស្រាប់តែបានឃើញជនរងគ្រោះដេកស្លាប់ នៅកន្លែងកើតហេតុខាងលើ ខណៈនោះ ឈ្មោះ ង្វៀង ធីង៉ា ក៏បានស្រែកហៅឲ្យឈ្មោះ វៀង យ៉ាំងចាំង មកជួយលើកសព មកដាក់ទៅក្នុងផ្ទះខាងមុខវិញ ហើយក៏រាយការណ៍ដល់សមត្ថកិច្ច។
ក្រោយមក តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបច្ចេកទេសខេត្តស្រុក រកឃើញថា ជនរងគ្រោះមានស្នាមមុតកប្រវែង១០សង់ទីម៉ែត្រ ជំរៅដល់ឆ្អឹងកងក ស្នាមជាំ បបូរមាត់ខាងក្រោម ជាំភ្នែកខាងស្ដាំ និងខាំអណ្ដាត ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម និង ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯប្ដីជាជនដៃដល់បាននឹងកំពុងរត់គេចខ្លួន។
សូមរម្លឹកថា កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ដោយសមត្ថកិច្ចសង្ស័យជាករណីឃាតកម្ម៕
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតលើករណីនេះ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ប្រភពៈ Free Sharing
No comments:
Post a Comment