កញ្ញាម្នាក់ បានចុះពីរថយន្តស៊េរីទំនើបមួយដើរសំដៅមកកាន់កន្លែងលក់ដូង ហើយបានសួរអ្នកលក់ដូងថា "ពូ ដូង ១ផ្លែថ្លៃប៉ុន្មាន?"
ពូលក់ដូង : ១ ផ្លែ ថ្លៃ ២០០០រៀល ក្មួយស្រី
កញ្ញាា: អញ្ចឹងតើ ២ផ្លែ ៣០០០រៀល បានទេពូ ព្រោះខ្ញុំ មិនចាំបាច់ដើររកទិញកន្លែងផ្សេង
ពូលក់ដូង : បាទ! អញ្ចឹង ក្មួយស្រីយក ២ផ្លែ ចុះ តម្លៃ ៣០០០រៀល ព្រោះតាំងពីព្រឹកមកដល់រសៀលនេះ ពូ លក់មិនទាន់បាន ១ផ្លែផង
កញ្ញាយើង បានយួរដូងដើរចេញសំដៅទៅដោយអារម្មណ៍សប្បាយ ព្រោះថា ខ្លួនឯងបានជោគជ័យក្នុងការតថ្លៃ។
នាងបានទៅយកមិត្តម្នាក់ទៀតដែលកំពុងឈររង់ចាំនៅកាច់ជ្រុងផ្សារអូរឬស្សី ដើម្បីទៅញ៉ាំអាហារនៅក្បែរនោះ។
នាងបានហៅអ្វីដែលពួកគេចូលចិត្តជាច្រើនមុខ តែនាងនិងមិត្តភក្តិ បានញ៉ាំអស់បន្តិច ប្រហែល ៥០% នៃម្ហូប ហើយនាងបានហៅម្ចាស់ហាងគិតលុយ:
កញ្ញា: អូនគិតលុយ តើអស់ប៉ុន្មាន?
អ្នកគិតលុយ: បាទបង អស់ 45$
កញ្ញា : ចា៎ នេះ 50$ ហើយមិនចាំបាច់អាប់ទេ។
ក្នុងករណីនេះ វាជារឿងមួយយ៉ាងសាមញ្ញបំផុត ចំពោះលុយ 5$ សម្រាប់ម្ចាស់ហាងដែលសម្បូរលុយចាយ និងមិនខ្វះអ្វីហូបនោះ។ តែលុយ ១០០០រៀល វាមានសារៈសំខាន់ សម្រាប់អ្នកខ្សត់ និងទីទាល់ក្រទាំងឡាយ តែមនុស្សមួយចំនួន បានតថ្លៃយ៉ាងស្វិតស្វាញបំផុត នៅពេលទិញអ្វីមួយពីពួកគាត់ តែបែរជាចាយយ៉ាងទូលាយ សម្រាប់ហាងធំៗ។
ទិញអ្វីក៏ត្រូវតថ្លៃ វាជាការពិត តែសម្រាប់អ្នកខ្សត់ យើងគួរទូលាយជាមួយពួកគាត់ ពេលដែលអ្នកទិញអ្វីមួយពីគាត់ ចូរអ្នកគិតលើអំពើ "សប្បុរសធម៌" តែបន្តិចក៏វាមិនខាតអីប៉ុន្មានដែរ និងគួរតែសរសើរពួកគាត់ ដែលពួកគាត់មិនសម្រេចចិត្ត ដើរសុំទាន ឬ ឆក់ ប្លន់ ដើម្បី ចិញ្ចឹមជីវិត៕





No comments:
Post a Comment