Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Friday, September 22, 2017

ប្រវត្តិត្រួសៗរបស់លោក Li Ka-Shing និងគន្លឹះមួយចំនួនដែលធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីនៅអាស៊ី

             គ្មានអ្នកណាម្នាក់អាចគិតថា លោក Li Ka-Shing ដែលនៅកុមារភាពធ្លាប់តែរស់នៅក្នុងជីវភាពតោកយ៉ាកកើតចេញពីត្រកូលគ្រួសារក្រីក្ររកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកម្នាក់នេះក្លាយជាមហាសេដ្ឋីប្រចាំទ្វីបអាស៊ីមានប្រាក់ជាង៣៤ពាន់លានដុល្លារនៅក្នុងដៃឡើយ។ ស្តាប់ទៅវាហាក់បីដូចជាអច្ឆរិយពេកសម្រាប់មិត្តទាំងអ់គ្នាតែវាបានក្លាយជារឿងពិតមិនអាចប្រកែកបានសម្រាប់មហាសេដ្ឋីល្បីល្បាញមកពីទីក្រុងហុងកុងម្នាក់នេះដោយមួយឆាកជីវិតរបស់គាត់ លោក Li Ka-Shing បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីពង្រីកមុខជំនួញដ៏តូចរបស់គាត់ទៅជាក្រុមហ៊ុនយក្សនៅពេលបច្ចុប្បន្ន។ ដោយសារមើលឃើញពីសក្ដានុពលរបស់គាត់នៅថ្ងៃនេះខ្ញុំសូមបង្ហាញពីប្រវត្តិត្រួសៗរបស់លោក Li Ka-Shing និងគន្លឹះមួយចំនួនដែលធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីនៅអាស៊ី។


II.ប្រវត្តិរូបនិងកុមារភាព

            កុមារ Li Ka-Shing បានកើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩២៨ នៅក្នុងខេត្ត Gaungdong ប្រទេសចិន។គាត់បានរស់នៅក្នុងស្ថានភាពមួយដែលប្រទេសចិនត្រូវញាំញីដោយការឈ្លានពានរបស់ប្រទេសជប៉ុន។ នេះបានបង្ខំចិត្តគ្រួសាររបស់គាត់ភៀសខ្លួនមករស់នៅទីក្រុងហុងកុងអំឡុងពេលដែលគាត់កំពុងរៀននៅបឋមសិក្សា។

ស្ថានភាពគ្រួសារបង្ខំចិត្តឲ្យLiKa-Shingបោះបង់ការសិក្សា

        ឪពុករបស់គាត់មានជំងឺរបេងធ្ងន់ធ្ងរហើយបានស្លាប់បន្ទាប់ពីបានផ្លាស់ទីលំនៅមកកាន់ទីក្រុងហុងកុងដែលនេះបានដាក់បន្ទុកបន្ថែមទៀតដល់គ្រួសារក្រីក្រមួយនេះ។ ដោយសារតែស្ថានភាពគ្រួសារកាន់តែយ៉ាប់យ៉ឺនជាងមុន កុមារ Li Ka-Shing ក៏បានបង្ខំចិត្តបោះបង់ការសិក្សាទាំងស្រុងនៅអាយុ១៥ឆ្នាំ។ កុមារក្រីក្រម្នាក់នេះធ្លាប់បម្រើការងារជាកម្មកររោងចក្រប្លាស្ទិកមួយកន្លែងតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះដើម្បីយកប្រាក់កម្រៃមកចិញ្ចឹមម្តាយរបស់គាត់។ គាត់គ្មានពេលទំនេរគ្រប់គ្រាន់ដូចក្មេងដទៃនោះឡើយព្រោះស្ថានភាពក្រីក្រនេះបានបង្ខំឲ្យគាត់ត្រូវធ្វើការ១៦ម៉ោងក្នុងមួយថ្ងៃ។

ឈប់ធ្វើកម្មករមកបើកអាជីវកម្មខ្លួនឯង

           នៅក្នុងឆ្នាំ១៩៥០ ពោលគឺនៅអាយុ២២ឆ្នាំយុវជនម្នាក់នេះដែលធ្លាប់ជាកម្មករគេបានសម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់របស់ខ្លួនលក់សម្ភារក្មេងលេងជាច្រើនមុខ។ ក្រោយមកលោកបានផ្លាស់ប្ដូរគម្រោងអាជីវកម្មមួយនេះមកផលិតផ្កាជ័រវិញ បន្ទាប់ពីគាត់ឮដំណឹងថាវាកាក់កបនៅក្នុងទីផ្សារប្រទេសអ៊ីតាលី។អាជីវកម្មថ្មីនេះបានចាប់ផ្តើមបង្រៀនគាត់ឲ្យក្លាយជាសហគ្រិនម្នាក់មានទំនួលខុសត្រូវខ្ពស់លើកិច្ចការទូទៅប្រចាំថ្ងៃដែលក្រោយមកវាបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ផ្កាជ័រធំបំផុតនៅអាស៊ី។

សង្គមប្រែប្រួលLiKa-shingឆក់យកឱកាសបង្កើតក្រុមហ៊ុនបន្ថែម

              នៅឆ្នាំ១៩៦០បដិវត្តវប្បធម៌ចិនបានបង្ខំចិត្តឲ្យប្រជាពលរដ្ឋជាច្រើនចាកចេញពីប្រទេស ដែលនេះធ្វើឲ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ។ លោក Li Ka-shing យល់ថា តម្លៃអចលនទ្រព្យនឹងហក់ឡើងវិញដូច្នេះហើយឆ្លៀតក្នុងឱកាសនេះគាត់ក៏បានចាប់ផ្តើមទិញដីទុកជាបន្តបន្ទាប់។ ១១ ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩៧១លោកសម្រេចចិត្តបើកក្រុមហ៊ុនថ្មីមួយឲ្យឈ្មោះថា Cheung Kong ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យធំបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ អំឡុងពេលនេះដែរលោកបានចាប់ផ្តើមទិញអាគារ សំណង់ផ្សេងៗ រោងចក្រជាច្រើនកន្លែងនៅក្នុងទីក្រុងហុងកុងដែលបានផ្តល់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ត្បិត អីសំណង់អគារទាំងនោះចុះថោកដោយសារបដិវត្តម៉ៅសេទុង បង្កឲ្យស្ថានភាពនយោបាយវឹកវរលើផ្ទៃប្រទេស។ តែការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់មហាសេដ្ឋីរូបនេះបានធ្វើឲ្យគាត់ក្លាយជាឈ្នះក្នុងល្បែងអុកលើទីផ្សារអចលនទ្រព្យនេះ បន្ទាប់ពីស្ថានភាពនយោបាយវិលមករកស្ថានភាពដើមវិញ។

មហិច្ឆតាកាន់តែខ្ពស់ឆក់ចាប់យកក្រុមហ៊ុនថ្មីកាន់តែធំជាងមុន

              នៅឆ្នាំ១៩៧៩ នៅពេលដែលគាត់ឈានដល់វ័យ៥១ឆ្នាំ លោក Li Ka-shing បានក្លាយជាជនជាតិចិនដំបូងដែលបានគ្រប់គ្រងភាគហ៊ុនក្រុមហ៊ុនពាណិជ្ជកម្មអង់គ្លេស Hutchison Whampoa។ មហិច្ឆតារបស់គាត់មិនចប់ត្រឹមណឹងនោះទេពោលគឺគាត់បានចែចូវទិញភាគហ៊ុនក្រុមហ៊ុនធនាគារហុងកុង ( Hongkong & Shanghai Bank – HSBC ) ចំនួន២០ បន្ថែ%ទៀត ខណៈ ក្រុមហ៊ុន Hutchison Whampoa ទទួលខុសត្រូវទាំងស្រុងលើពាណិជ្ជកម្មកំពង់ផែក្នុងទីក្រុងហុងកុង។ ភាពជោគជ័យក្នុងមុខជំនួញរបស់គាត់រយៈពេល១ទសវត្សក្រោយមកធ្វើឲ្យមហាសេដ្ឋី Li Ka-shing ចាប់ផ្តើមពង្រីកកេរ្តិ៍ឈ្មោះក្រុមហ៊ុន Hutchison Whampoa ទៅកាន់ទីផ្សារជំនួញជុំវិញពិភពលោកក្លាយជាក្រុមហ៊ុនមានតម្លៃខ្ពស់បំផុតទទួលបានប្រាក់ចំណូល ៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។នៅឆ្នាំ១៩៨៧ លោកបានចំណាយប្រាក់៥០០លានដុល្លារទិញក្រុមហ៊ុនប្រេង Husky Energy របស់កាណាដាដែលកំពុងត្រដរខ្យល់ឈានទៅរកការក្ស័យធនខណៈដែលតម្លៃប្រេងចុះថោកហួសពីការស្មាន។ វាពិតជាស្ថានភាពមួយដ៏លំបាកបំផុតសម្រាប់លោកក្នុងការត្រួសត្រាយផ្លូវឲ្យក្រុមហ៊ុននេះងើបឡើងវិញដែលតម្លៃប្រេងនៅពេលនោះគឺមួយបារ៉ែលគឺមានតម្លៃត្រឹមតែ១០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនខាងលើនេះបានសាងមុខមាត់ឡើងវិញ បន្ទាប់ពីតម្លៃប្រេងហក់ឡើងជាបន្តបន្ទាប់ពី១០ដុល្លារ ទៅជាង១០០ដុល្លារនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលទទួលបានប្រាក់ចំណូល២៥ពាន់ដុល្លារក្នុងមួយឆ្នាំហើយក្នុងនោះគាត់មានភាគហ៊ុនចំនួន៨ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុននេះ។

វិនិយោគលើក្រុមហ៊ុនប្រេងមិនអស់ចិត្ត បោះទុនវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាវិញម្តង

              គេនៅចាំបានថាមហាសេដ្ឋីអាស៊ីម្នាក់នេះបានប្រើពេលតែ៥នាទីប៉ុណ្ណោះដើម្បីសម្រេចចិត្តបោះទុន១២០លានដុល្លារជាមួយក្រុមហ៊ុនបណ្តេញសង្គមដ៏មានប្រជាប្រិយភាព Facebook កាលពីឆ្នាំ២០០៧ដែលមានភាគហ៊ុន៩០០លានដុល្លារ។ មុននេះបន្តិចពោលគឺនៅឆ្នាំ២០០៥ លោក Li បានជួយស្រោចស្រង់ក្រុមហ៊ុនបច្ចេកវិទ្យា Skype និង EBAY កាលពីឆ្នាំ២០០៦ ក្នុងទឹកប្រាក់២,៥ពាន់លានដុល្លារអាមេរិច។ នៅមានក្រុមហ៊ុនជាច្រើនទៀតដែលមហាសេដ្ឋីរូបនេះចំណាយប្រាក់បោះទុនវិនិយោគដែលក្នុងនោះមានដូចជា អតីតក្រុមហ៊ុនបច្ចេកវិទ្យា Siri ដែលទិញដោយApple កាលពីឆ្នាំ២០១០ ក្រុមហ៊ុនឌីជីថល Spotify ក្រុមហ៊ុន GPS របស់អ៊ីស្រាអែលហៅថាWazeនិងក្រុមហ៊ុនបច្ចេកវិទ្យាHzo។ នៅឆ្នាំ២០១០ ក្រុមហ៊ុន Cheung Kong របស់លោក Li Ka-shing បានទិញក្រុមហ៊ុនបណ្ដាញថាមពលអគ្គិសនីរបស់អង់គ្លេស (U.K. Power Networks) ក្នុងទឹកប្រាក់ ៩,១ពាន់លានដុល្លារដែលបានផ្គត់ផ្គង់ប្រជាពលរដ្ឋប្រទេសអឺរ៉ុបមួយនេះចំនួន៨លាននាក់។នៅឆ្នាំ២០១១ មហាសេដ្ឋីរូបនេះមិនអស់ចិត្តក៏សម្រេចចិត្តទិញក្រុមហ៊ុនផ្គត់ផ្គង់និងចែកចាយទឹកស្អាត (Northumbrian Water) មួយទៀតក្នុងប្រទេសអង់គ្លេសដដែលដល់ប្រជាពលរដ្ឋរបស់ខ្លួនជាង៧លាននាក់។

បង្កើតមូលនិធិសម្រាប់កម្មវិធីមនុស្សធម៌ជួយសង្គ្រោះប្រជាជនលើសាកលលោក

              ទឹកប្រាក់រាប់ពាន់លានដុល្លារបានមកពីមុខជំនួញរបស់គាត់មិនបានធ្វើឲ្យមហាសេដ្ឋីរូបនេះឈរនៅស្ងៀមបានឡើយ។លោកបានបង្កើតមូលនិធិ Li Ka-Shing Foundation ដែលមានទឹកប្រាក់១,៦ពាន់លានដុល្លារសម្រាប់សកម្មភាពមនុស្សធម៌ដែលផ្ដោតសំខាន់លើការអប់រំ។ក្នុងនោះលោកបានចំណាយប្រាក់ ៦៩០លានដុល្លារបង្កើតសាកលវិទ្យាល័យ Shantou នៅស្រុកកំណើតរបស់គាត់ក្នុងខេត្ត Guangdong និងចំណាយប្រាក់៤០លានដុល្លារបន្ថែមទៀតសម្រាប់កម្មវិធីស្រាវជ្រាវនៅសាកលវិទ្យាល័យ Berkeleyរដ្ឋCaliforniaសហរដ្ឋអាមេរិក។

No comments:

Post a Comment

Adbox