·
ក្រុមហ៊ុនចិននឹងសង់ផ្លូវអាកាសប្រវែង ១០ គីឡូម៉ែត្រនៅភ្នំពេញ
ភ្នំពេញៈ ក្រុមហ៊ុនចិនបានចាប់ផ្តើមធ្វើការសិក្សាពីគម្រោងសាងសង់ផ្លូវអាកាស (express way) មួយខ្សែជាផ្លូវបង់លុយដែលនឹងតភ្ជាប់ពីក្នុងរាជធានីទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងចម្ងាយផ្លូវប្រមាណ ១០ គីឡូម៉ែត្រក្នុងគម្រោងទឹកប្រាក់ជាង ៣៦០ លានដុល្លារអាមេរិក។
គម្រោងសាងសង់ផ្លូវអាកាសសម្រាប់អ្នកបើកបរក្នុងល្បឿនលឿនគឺប្រមាណ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោងនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៦ និងបញ្ចប់នៅឆ្នាំ ២០២១។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានជួបជាមួយក្រុមជំនាញផ្នែកគូរប្លង់មកពីវិទ្យាស្ថាន Henan Provincial Communications planning, Survey & Design Institute Co,Ltd របស់ប្រទេសចិនដែលគេមកបង្ហាញពីគំរូប្លង់ដែលបានគូរកន្លងមកទៅកាន់មន្ត្រីរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីថ្លែងថា ប្លង់ដែលវិទ្យាស្ថានបង្ហាញមានបីគឺមានជម្រើស A ដែលចាប់ផ្តើមលើផ្លូវសហព័ន្ធរុស្ស៊ីទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងចម្ងាយផ្លូវជាង ៨ គីឡូម៉ែត្រជម្រើស B គឺសង់ពីលើផ្លូវរថភ្លើងក្បែរសក្យមុនីចេតិយឆ្ពោះទៅកាន់ព្រលានយន្តហោះមានប្រវែងជាង ៨ គីឡូម៉ែត្រ និងជម្រើស C ត្រូវសាងសង់កាត់លើផ្លូវក្បែរស្ថានទូតបារាំងទៅកាន់អង់តែនទួលគោក និងកាត់តាមផ្លូវឧកញ៉ាម៉ុងឫទ្ធីមានប្រវែងជិត ១១ គីឡូម៉ែត្រ។
លោកថា៖ «អ៊ីចឹងបញ្ហានៃគម្រោងនេះមានជម្រើសបីដែលក្នុងជម្រើសហ្នឹងគឺសង្កត់ធ្ងន់លើជម្រើសទី ១ ដោយតម្លៃហិរញ្ញវត្ថុត្រូវចំណាយ ៣៦២ លានដុល្លារ។ ផ្លូវនេះគ្រោងធ្វើគឺ ២ ខ្សែទៅ ២ ខ្សែមក ២ ខ្សែ មានរបាំងខណ្ឌនៅកណ្តាលមានបង្កាន់ដៃសងខាងទប់កុំឲ្យឡានធ្លាក់សរុបទទឹង ១៧ ម៉ែត្រកន្លះ។ បើតាមពិនិត្យអត់មានគន្លងសម្រាប់ម៉ូតូទេ...ល្បឿននៃការសិក្សា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង»។
ទោះយ៉ាងណា លោកថា មន្ត្រីត្រូវពិភាក្សាគ្នាថាតើជម្រើសមួយណាមានភាពទាក់ទាញ និងមានផលប៉ះពាល់តិចហើយត្រូវសិក្សាថាតើត្រូវតភ្ជាប់ជាមួយនឹងស្ពានអាកាសសាធារណៈដែលយើងមានស្រាប់ ឬត្រូវធ្វើផ្លូវតែមួយត្រង់តែម្តង។
លោក អ៊ីវតឹក បន្ថែមថា ឆ្លងតាមការពិភាក្សាមានការបង្ហាញនូវជម្រើស A និងB ជាជម្រើសត្រូវយកមកពិភាក្សាប៉ុន្តែវិទ្យាស្ថាននេះយល់ថាជម្រើស A មានការងាយស្រួលក្នុងការសាងសង់ជាង។
លោក ផែង សុវិជ្ជនោ អ្នកនាំពាក្យក្រសួងសាធារណការថ្លែងថាទោះយ៉ាងណាក្នុងដំណាក់កាលសិក្សានេះគេអាចនឹងចំណាយពេលឲ្យដល់ចុងឆ្នាំដើម្បីបញ្ចប់ការងារទាំងនេះដែលវិទ្យាស្ថានកំពុងស្វែងរកដៃគូពីប្រទេសចិនមកបណ្តាក់ទុនធ្វើផ្លូវអាកាសមួយនេះដែលជាគម្រោងផ្លូវ BOT។
លោក Du Zhan Jun នាយកវិទ្យាស្ថានរបស់ចិននេះឲ្យដឹងថាវិទ្យាស្ថាននេះមើលឃើញជម្រើស A មានភាពប្រសើរជាងគេពីព្រោះជាផ្លូវដែលអាចតភ្ជាប់ចំណុចកណ្តាលក្នុងក្រុងភ្នំពេញដែលកំពុងមានចរាចរមមាញឹក និងអាចមានផលប៉ះពាល់តិចជាងគេ។
លោកថា៖ «ផែនការ A អាចសម្រួលការកកស្ទះចរាចរណ៍មុខទីស្តីការគណៈរដ្ឋមន្ត្រី និងផ្លូវប្រសព្វផ្សេងទៀត និងមានលក្ខណៈល្អជាងផែនការ B។ ចប្ចុប្បន្ន ភ្នំពេញកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សហើយថ្ងៃអនាគតនឹងមានយានយន្តកាន់តែច្រើន។ ដូច្នេះ យើងគួរពិចារណាបង្កើតបណ្តាញផ្លូវថ្នល់ដែលមានប្រសិទ្ធភាពជាងមុន»។
ក្នុងសប្តាហ៍នេះវិទ្យាស្ថានចិនខេត្ត Henan នេះបានដាក់ពង្រាយបុគ្គលិកនៅតាមបណ្តោយមហាវិថីសំខាន់ៗមួយចំនួនក្នុងរាជធានី ដើម្បីស្ទាបស្ទង់ពីទឹកចិត្តរបស់ពលរដ្ឋអ្នកប្រើប្រាស់ផ្លូវថ្នល់ចំពោះការពេញចិត្តក្នុងការបង់ថ្លៃសម្រាប់ផ្លូវអាកាស (Expressway) ថ្មីមួយនេះដែលក្រុមហ៊ុនមានគម្រោងយកថ្លៃ ២ ដុល្លារសម្រាប់ការឆ្លងកាត់ប៉ុន្តែស្ថិតក្នុងការសាកសួរពីពលរដ្ឋនៅឡើយ។
ដោយឡែកកាលពីម្សិលមិញដែរលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានដឹកនាំប្រជុំឆ្លងគម្រោងសាងសង់បន្ថែមស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ដើម្បីកែលម្អដោះស្រាយបញ្ហាចរាចរណ៍ឲ្យបាន ១០០ ភាគរយដូចស្ពានអាកាសស្ទឹងមានជ័យ។ កិច្ចប្រជុំបានសម្រេចធ្វើការសាងសង់ស្ពានអាកាសចំនួន ៣ តភ្ជាប់ស្ពានអាកាសក្បាលថ្នល់ និង សង់ផ្លូវក្រោមដី ១ បន្ថែមទៀត៕
ប្រភពៈ VOA Cambodian
ប្រភពៈ VOA Cambodian




No comments:
Post a Comment